ក្លិបលំដាប់ទី៣ របស់ជប៉ុន Fujieda MYFC បានចុះកុងត្រាខ្ចីជើងនាំយកខ្សែប្រយុទ្ធបឹងកេតអង្គរ ទៅចូលរួមរយៈពេល ១ឆ្នាំ កាលពេលថ្មីៗនេះ ។
ចាន់ វឌ្ឍនាកា ដែលធ្លាប់ទៅហ្វឹកហាត់នៅទីនោះរយៈពេល១សប្ដាហ៍ ត្រូវបានក្លិប និងគ្រូបង្វឹកពេញចិត្តនឹង ទម្រង់លេងរបស់គេ ហើយបានសម្រេចមកទាក់ទងខ្សែប្រយុទ្ធរូបនេះតាំងពីអំឡុងពេលព្រឹត្តិការណ៍ AFF Suzuki Cup 2016 មកម្ល៉េះ ប៉ុន្តែកីឡាករឆ្នើុមរបស់បឹងកេតពុំទាន់សម្រេចចិត្ត ដោយសារជាប់ភារកិច្ចជួយ ក្រុមជម្រើសជាតិកម្ពុជានៅឡើយ ។
កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ រូបគេបានប្រកាសថា សម្រេចទៅលេងនៅក្លិចខាងលើ ដោយល័ក្ខខ័ណ្ឌខ្ចីជើង រយៈពេល១ឆ្នាំ ។ ប្រភពជិតស្និទ្ធនឹងខ្សែប្រយុទ្ធរូបនេះ បានបង្ហើបថាការផ្ទេរទៅលេងនៅ Fujieda រូបគាត់ទទួលបានប្រាក់ខែជិតដល់ ១ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ ។ លើសពីនេះ នៅមានឡាន១គ្រឿងដើម្បីធ្វើដំណើរ មានអ្នកបកប្រែម្នាក់ និងបន្ទប់ស្នាក់នៅជាដើម ។
ដោយឡែក ខ្សែប្រយុទ្ធរបស់បឹងកេតរូបនេះបានឱ្យដឹងថាៈ ការសម្រេចចិត្តទៅលេងនៅជប៉ុន គឺដើម្បី សមត្ថភាព និងជាគំរូល្អមួយដល់យុវជនជំនាន់ក្រោយ ។ ហើយខ្ញុំរំពឹងថា កីឡាករជំនាន់ក្រោយនឹងធ្វើបានល្អជាងខ្ញុំទៀត ។ ការសម្រេចចិត្តនេះ ព្រោះខ្ញុំបានទៅហ្វឹកហាត់នៅទីនោះ១សប្ដាហ៍ ហើយខ្ញុំពេញចិត្តការ បង្វឹករបស់គ្រូ និងបទពិសោធន៍ថ្មីៗនៅទីនោះ ។
វឌ្ឍនាកា បានបន្តទៀតថាៈ មានប្រិយមិត្តខ្លះមិនចង់ឱ្យខ្ញុំទៅលេងនៅ J3-League ប៉ុន្តែខ្ញុំចង់អភិវឌ្ឍន៍ពី ទាបទៅខ្ពស់ ជាពិសេសចង់ជួយក្លិប Fujieda ឱ្យឡើងដល់កម្រិតខ្ពស់មួយទៀត ។
ចាន់ វឌ្ឍនាកា នឹងចេញទៅជប៉ុនអំឡុងពេលពាក់កណ្ដាលខែកុម្ភៈខាងមុខ ក្រោយពីជួយបឹងកេតអង្គរ ក្នុងវគ្គជម្រុះពាន AFC Cup Play-off ទល់នឹងក្រុម Lao Toyota រួចរាល់នៅថ្ងៃទី៣១ ខែមករា និងដើមខែកុម្ភៈ ខាងមុខនេះ ៕
អត្ថបទៈ អធិរាជស



0 comments:
Post a Comment