តារាក្រុមអធិរាជស James Rodriguez បានបញ្ចប់អំពីការរំពឹងទុកជុំវិញអនាគតរបស់ខ្លួន បន្ទាប់ពីគាត់បាន ប្ដេជ្ញាបន្តនៅជាមួយ Real Madrid ក្រោយពីក្រុមរបស់គាត់ទទួលជ័យជម្នះ ៣-០ លើក្រុម Sevilla ។
ខ្សែបម្រើរូបនេះ បានស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯង ជួយក្រុមយកឈ្នះក្នុងការប្រកួត Copa del Rey នារាត្រី ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅកីឡដ្ឋាន Santiago Bernabeu ។
Rodriguez ត្រូវបានគេឱ្យដឹងថា មានទំនាក់ទំនងក្នុងការផ្ទេរទៅកាន់ក្រុម Chelsea និង Manchester United ក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដោយសារព័ត៌មានបានបង្ហាញថា ក្រុមទាំងពីរបានត្រៀមខ្លួនជាស្រេច ដើម្បីដណ្ដើមយកតារារបស់កូឡុំប៊ីរូបនេះ ។
ខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះ ទើបតែលេងបាន៧ប្រកួតប៉ុណ្ណោះក្នុងចំណោមប្រកួតទាំងអស់ នារដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Zinedine Zidane ប៉ុន្តែឥឡូវត្រូវបានបញ្ចប់នូវពាក្យចរចាមអារ៉ាមដែលថា នឹងចាកចេញពីក្រុមស្ដេចសហើយ ។
គាត់បាននិយាយក្រោយការប្រកួតថាៈ 'Real Madrid គឺជាក្លិបដែលខ្ញុំធ្លាប់តែងស្រមៃ ហើយខ្ញុំកំពុងរស់នៅ ទីនេះ' ។
'ខ្ញុំចង់នៅកន្លែងដែលខ្ញុំចង់នៅ' 'ទីលាន Bernabeu កំពុងតែស្រែកហៅឈ្មោះរបស់ខ្ញុំយប់នេះ គឺដូចជាសុបិនមួយអញ្ជឹង' ។
ការប្រកាសនេះ នឹងធ្វើឱ្យក្រុម Chelsea និង Manchester United ដែលត្រូវបានគេរាយការណ៍ថា អន្ទះសាចង់បានខ្សែបម្រើរូបនេះ មិនសប្បាយចិត្ត និងខកបំណងធំតែម្ដង ដោយ Rodriguez ដែលគេរំពឹងថា នឹងមានតម្លៃខ្លួនប្រមាណ ៥០លានផោនក្នុងផ្ទេរយកនោះ ឥឡូវបានកំណត់ថាបន្តនៅជាមួយ Real Madrid ទៀតហើយ ៕
ប្រភព៖ Metro



0 comments:
Post a Comment